ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្ស៊ិក និងព័រទុយហ្គាល់បានត្រឹមស្មើ ខណៈក្រូអាត, ហុល្លង់, ទួរគីធ្វើបានល្អទាំងក្នុងនិងក្រៅទឹកដី

ចែករំលែក៖

ក្រុមជម្រើសជាតិបែលហ្ស៊ិក និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានត្រឹមប្រកួតស្មើគូប្រកួតប៉ុណ្ណោះក្នុងវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមខ្លាំងៗចំនួន៣គឺក្រុមជម្រើសជាតិក្រូអាត, ហុល្លង់ និងទួរគីធ្វើបានល្អដោយយកឈ្នះគូប្រកួតក្នុងពូលរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលដោយ soccerway, តាមការចេញផ្សាយរបស់ BBC Sport និងរូបភាពពីរ៉យទ័រ និង EPA នៅព្រឹកថ្ងៃអាទិត្យ ទី២៨ មីនានេះ។

ក្រុមជម្រើសជាតិបែលហ្ស៊ិកបានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះសាធារណរដ្ឋឆេក ក្នុងលទ្ធផល១ទល់១។ ១គ្រាប់នាំមុខដោយកីឡាករ Provod របស់ក្រុមម្ចាស់ផ្ទះឆេកនៅនាទីទី៥០ ប៉ុន្តែត្រូវរកបាន១គ្រាប់សងវិញដោយខ្សែប្រយុទ្ធឆ្នើម Lukaku នៅនាទីទី៦០វិញ។ លទ្ធផលនេះធ្វើឲ្យក្រុមទាំង២ទទួលបានលទ្ធផលល្អ ដោយ២ប្រកួតក្នុងវគ្គជម្រុះ World Cup នេះគឺមិនដែលចាញ់ដូចគ្នា ដោយឈ្នះ១ប្រកួត និងស្មើ១ប្រកួតនេះ ធ្វើឲ្យក្រុមឆេកឡើងឈរលេខ១មាន៤ពិន្ទុ និងក្រុមបែលហ្ស៊ិកឈរលេខ២មាន៤ពិន្ទុដូចគ្នាក្នុងពូល E

ចំណែកក្រុមជម្រើសជាតិព័រទុយហ្គាល់បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះស៊ែប៊ីក្នុងលទ្ធផល២ទល់២ដូចគ្នា ដែល២គ្រាប់របស់ក្រុមភ្ញៀវព័រទុយហ្គាល់នាំមុខមុនគឺរកបានដោយកីឡាករខ្សែប្រយុទ្ធស្លាប DiogoJota ទាំង២គ្រាប់នៅនាទីទី១១ និងនាទីទី៣៦ ក្នុងតង់ទី១។ ប៉ុន្តែនៅតង់ទី២ ក្រុមម្ចាស់ផ្ទះស៊ែប៊ីរកបាន២គ្រាប់សងវិញគឺនៅនាទីទី៤៦ ដោយកីឡាករ Mitrović និងនាទីទី៦០ ដោយកីឡាករ Kostić

លទ្ធផលនេះធ្វើឲ្យក្រុមព័រទុយហ្គាល់បន្តឈរចំណាត់ថ្នាក់លេខ២ ក្នុងពូលA ខណៈក្រុមស៊ែប៊ីឈរលេខ១មាន៤ពិន្ទុដូចគ្នា ដែលក្រុមទាំង២សម្រាប់២ប្រកួតក្នុងវគ្គជម្រុះ World Cupនេះគឺមិនដែលចាញ់ដូចគ្នាដោយឈ្នះ១ និងស្មើ១។ ចំណែកក្រុមឈរចំណាត់ថ្នាក់លេខ៣គឺលុចហ្សាំបួរដែលនៅ១ប្រកួតទៀតក្នុងដៃ ហើយប្រសិនបើ១ប្រកួតនេះឈ្នះគឺនឹងឡើងឈរលេខ១វិញ។

ដោយឡែកក្រុមខ្លាំងៗទៀតបន្តយកឈ្នះគួប្រកួតដោយក្រុមក្រូអាតយកឈ្នះក្រុមភ្ញៀវសាយប្រ៊ូសក្នុងលទ្ធផល១ទល់០។​ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Pašalić នៅនាទីទី៤០ ដែលធ្វើឲ្យក្រុមនេះឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលH ព្រោះ២ប្រកួតកន្លងមកគឺចាញ់១ និងឈ្នះ១។ ចំណែកក្រុមហុល្លង់បានយកឈ្នះក្រុមភ្ញៀវឡាត់វៀ (Latvia)ក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់នេះរកបានដោយកីឡាករ Berghuis នៅនាទីទី៣២ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ de Jong នៅនាទីទី៦៩។ លទ្ធផលនេះធ្វើឲ្យក្រុមហុល្លង់២ប្រកួតកន្លងមកគឺចាញ់១ និងឈ្នះ១ បន្តឈរលេខ៣ក្នុងពូលG

សម្រាប់ក្រុមខ្លាំងទួរគីវិញគឺ២ប្រកួតក្នុងវគ្គជម្រុះ World Cup នេះគឺមិនដែលចាញ់នោះទេ ដោយឈ្នះទាំង២ប្រកួត។ សម្រាប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះន័រវ៉េសនេះគឺបានយកឈ្នះដោយលទ្ធផល៣ទល់០ ដោយ៣គ្រាប់របស់ក្រុមទួរគីរកបានដោយកីឡាករ Tufan នៅនាទីទី៤ គ្រាប់ទី២រកបានដោយកីឡាករ Söyüncü នៅនាទីទី២៨ និងគ្រាប់ទី៣រកបានដោយកីឡាករ Tufan ដដែលនៅនាទីទី៥៩។ លទ្ធផលនេះធ្វើឲ្យក្រុមទួរគីបន្តឈរលេខ១ក្នុងពូលG ដោយមាន៦ពិន្ទុពេញក្នុង២ប្រកួតកន្លងមក ៕ ដោយ៖ ភារៈ


ចែករំលែក៖