ភ្នំពេញ ៖ គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ រួមសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១នេះ បាននាំយកសម្ភារ មានម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកាផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ ។
ក្នុងកិច្ចសហការខាងលេីមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីជាច្រេីនរូបទៀតផងដែរ ។
អាជ្ញាធរខណ្ឌមានជ័យបានកោតសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យដែលចាំផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩នេះ ចាប់ពីថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ខាងមុខ ។
ជាមួយគ្នានោះលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមអញ្ជើញមកទទួលសេវាចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅមណ្ឌលសុខភាពស្ទឹងមានជ័យឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនឹងនេះ លោកអភិបាលរង បានបន្តទៀតថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរិះរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃ ។
សម្ភារដែលផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ រួមមាន៖
១. ទឹកសុទ្ធ ៤០ កេស
២. ជែលលាងដៃ ៤០ដប
៣. ម៉ាស់ ៣០ ប្រអប់
៤. មីកំប៉ុង១កេសធំ ស្មើនឹង ៧២កំប៉ុង
៥. ភេសជ្ជៈ ២០កេស
៦. របាំងការពារមុខ ២០របាំង
៧. ថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ៕
ដោយ ៖ ភារ៉ា ដង្កោ