ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចគាស់ទូមាសនៅក្រុងតាខ្មៅ សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរពូកែឆក់ឱកាស ស្របពេលប្រទេសជាតិកំពុងមានទុក្ខកង្វល់ដោយសារជំងឺកូវីដ-១៩ ផងស្រាប់តែក្រុមចោរឆ្លៀតឱកាសចូលគាស់ទូមាសនៅក្រុងតាខ្មៅយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលវេលាម៉ោង៧និង៣០នាទីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នៅតូបលក់គ្រឿង អលង្ការ មាសនិងប្លាទីន ក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ជនរងគ្រោះសរុបមាន៤នាក់ ទី១-ឈ្មោះ ផាន់ ឡា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់មាសក្នុងផ្សារតាខ្មៅចាស់ ឯសម្ភារបាត់បង់មានសមាសធាតុផ្សំសម្រាប់ធ្វើផ្លាទីន១កែវជ័រ (គិតជាប្រាក់តម្លៃ700$), ឧបករណ៍សម្រាប់មើលពេជ្រ១ (គិតជាប្រាក់តម្លៃ 600$), ត្បូងធម្មជាតិ៦ប្រអប់ (តម្លៃ7000$)។ទី២-ឈ្មោះ ឡ សុខហេង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស ឯសម្ភារបាត់បង់គ្មាន។

ទី៣-ឈ្មោះ កុល សុផារី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស ឯសម្ភារបាត់បង់គ្មាន។

ទី៤-ឈ្មោះ កុល រតនា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុនរបរលក់មាស ឯសម្ភារបាត់បង់គ្មាន។ 

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណកំពុងរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងមួយចំនួនដូចជា ទួណឺវីស១ ខ្សែលួសមួយដុំតូច ។ 

នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះខាងលើ បានរៀបចំបិទតូបលក់មាសរបស់ខ្លួនដូចសព្វដង ហើយបានប្រមូលរបស់មានតម្លៃច្រកថង់យកទៅទុកនៅផ្ទះរៀងៗខ្លួនអស់ហើយ នៅឡើយតែជនរងគ្រោះទី១គាត់មានទុករបស់មានតម្លៃមួយចំនួនដូចបាត់ខាងលើនៅក្នុងតូបរបស់គាត់ ដោយសារតែភ្លេចយកទៅមិនអស់ ។តែនៅជុំវិញតូបរបស់គាត់មានបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញទាំងអស់ ប៉ុន្តែនៅម៉ោង៧យប់ភ្លើងក្នុងផ្សារបានដាច់អស់ហើយ ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ជនរងគ្រោះទាំងអស់មកបើកតូបលក់ដូចរាល់ដង ពេលនោះក៏ឃើញអីវ៉ាន់ក្នុងតូបរប៉ាត់រប៉ាយ និង តូបមានស្នាមគាស់ ទើបឆោឡោទៅប្តឹងសមត្ថកិច្ច របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចុះមកត្រួតពិនិត្យតែម្តង ដោយករណីនេះកម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍តាខ្មៅ ស៊ើបអង្កេតជុំវិញករណីនេះ ដើម្បីតាមចាប់ជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ឆ ដា


ចែករំលែក៖