ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោក បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ហើយបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២នាក់នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិតចំនួនមួយដើមព្រមទាំងម៉ូតូ១គ្រឿងយកមកសួរនាំនៅអធិការដ្ឋាន។ក្រោយពីបានសួរនាំក្មេងទាំង២នាក់មក កម្លាំងនគរបាលក្រុង បានឈានទៅដល់ការឃាត់ខ្លួនបក្ខពួកប្រុសស្រីចំនួន៧នាក់ទៀត និងដកហូតបានកាំបិតកែច្នៃ១ដើម និងកាំបិតប៉័ងតោចំនួន១ ព្រមទាំងម៉ូតូ២គ្រឿង ម៉ាកហុងដាហ្ស៊ូម័រ អុិច និងម៉ាកហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត។
លោកអធិការស្ដីទីបញ្ជាក់ថា៖ ក្រុមក្មេងទំនើងប្រុសស្រីទាំង៩នាក់ដែលត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន នោះមាន៖ ១-ឈ្មោះ ភា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត,២-ឈ្មោះ ហយ រស់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,៣-ឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៤-ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៥-ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៦-ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៧-ឈ្មោះ អែម ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៨-ឈ្មោះ អ៊ុំ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែតក្រុងប៉ោយប៉ែត, ៩-ឈ្មោះសយ សុខលី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងឈ្មោះ ហយ រស់ បានសារភាពថា ក្រុមពួកខ្លួនមានរហស្សនាមថាក្រុមសូឡូ ហើយក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដទៃច្រើនដងផងដែរ ឲ្យតែមើលមុខនិងជិះម៉ូតូវ៉ាពួកគេ។
ចំពោះក្មេងស្រីចំនួន២នាក់ព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញនៅល្ងាចថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១។ ដោយឡែក ចំពោះក្មេងទំនើងប្រុសៗចំនួន៧នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖វណ្ណា