ខេត្តព្រះសីហនុ៖ តាមការបញ្ជាក់របស់ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថារដ្ឋបាលស្រុកនឹងចុះធ្វើការចាត់វិធានការ ការផាកពិន័យអន្ដរការណ៍ចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត នៅគ្រប់មូលដ្ឋានក្នុងស្រុកព្រៃនប់ ។
លោកបានអោយដឹងផងដែរថា ដោយសង្កេតឃើញបងប្អូនមួយចំនួនជាពិសេសនៅតាមផ្សារជាដើម មិនយកចិត្តទុកដាក់ការពារនោះទេ ដែលជាហេតុអាចបង្កអោយមានហានិភ័យច្រើន ដល់ប្រជាពលរដ្ឋទូទៅ ហើយការចុះអនុវត្តវិធានការពេលនេះគឺដើម្បីជំរុញអោយប្រជាពលរដ្ឋ ចូលរួមការពារខ្លួន និងចៀសឆ្ងាយពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
លោកអភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារ និង ៣កុំ តាមការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ហើយសង្ឃឹមថា យើងនឹងរួមគ្នាបញ្ចប់ជំងឺកូវីដ–១៩នេះបានឆាប់ៗផងដែរ ៕
ដោយ៖ សិលា