ភ្នំពេញ៖ សូមជម្រាបជូនជនរួមជាតិថា, តាមរយៈការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន មានទំនាក់ទំនងដ៏ល្អជាមួយមិត្តចិន គឺនៅវេលាម៉ោង៧:០០យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ ទទួល វ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីបានចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនោះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ក្រើនរំលឹក សូមអោយបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា៕
ដោយ៖ សុខ ខេមរា