ខេត្តស្វាយរៀង៖ យោងតាមអាក់ខោនហ្វេសប៊ុកទឹកហូរក្រោមស្ពានដែលជារបស់លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងដែលផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំបានបង្ហោះសារថាសូមកុំបាក់ស្មារតីហើយចុះចាញ់ជំងឺកូវីដ-១៩ ពេលនេះសុខភាពរបស់ខ្ញុំបាទមិនមានបញ្ហាអីទេ ស៊ូៗណាបងប្អូន គ្មាននរណាម្នាក់ចង់ឆ្លងជំងឺនេះទេ កុំបន្ទោសខ្លួនឯង ហើយក៏កុំបាក់ទឹកចិត្តដោយសារសម្តីអ្នកដទៃ។
ការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកនេះគឺនៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១ខណៈដែលរូមលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
ក្នុងអាក់ខោនហ្វេសប៊ុកដដែលលោកសុដានីបានបន្តទៀតថា ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកលោកស្រី និងមន្ត្រីរាជការមហាគ្រួសារសាលាក្រុងស្វាយរៀង លោកគ្រូ អ្នកគ្រូពេទ្យ ជាពិសេសក្រុមគ្រួសារ និង មិត្តភក្តិល្អៗគ្រប់ទិសទី ដែលបានលើកទឹកចិត្តខ្ញុំបាទជានិច្ច ធ្វើឱ្យខ្ញុំបាទមានកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះចំពោះវិធីយកឈ្នះជំងឺនេះបាននោះគឺស្មារតី ទឹកចិត្តរបស់យើង និងការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋានជុំវិញនេះឯង ហើយត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ។
ដោយសារកក្តានេះហើយទើបមកដល់ពេលនេះសុខភាពរបស់ខ្ញុំបាទមិនមានបញ្ហាអីទេ ស៊ូៗណាបងប្អូន គ្មាននរណាម្នាក់ចង់ឆ្លងជំងឺនេះទេ កុំបន្ទោសខ្លួនឯង ហើយក៏កុំបាក់ទឹកចិត្តដោយសារសម្តីអ្នកដទៃ។
ដោយសារខ្ញុំបាទជាថ្នាក់ដឹកនាំក្រុងម្នាក់ ជាមន្ត្រីបម្រើប្រជាជន ដូច្នេះកិច្ចការងារខ្ញុំបាទមានច្រើនណាស់ត្រូវបំពេញជូនរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំបាទមិនចាំពេលវេលាចុះបំពេញភារកិច្ច ឬការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបងប្អូនប្រជាពលរដ្ឋទេ។
ដូច្នេះបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មិត្តភក្តិ នៅចងចាំហើយគិតថាបានជួបខ្ញុំដោយផ្ទាល់ឬប្រយោលក្តីក្នុងអំឡុងពេលមុននិងក្រោយខ្ញុំបាទបានឆ្លងជំងឺCovid-19 នេះ សូមមេត្តាសម្តែងសេចក្តីស្មោះត្រង់ដើម្បីសហការផ្តល់ព័ត៌មានជូនក្រុមការងារបង្ការតាមដានទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺ Covid-19 ថ្នាក់ខេត្ត ក៏ដូចជាក្រុមការងារសុខាភិបាលខេត្ត ដើម្បីធ្វើចត្តាឡីសក័ ឬយកសំណាកទៅពិនិត្យដើម្បីធានាថាបងបងប្អូនមានសុវត្ថិភាពឬអត់ ។
សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃអាទិត្យទី ២១ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនដែលជាអ្នកវិនិយោគិនជនជាតិចិនដែលមកវិនិយោគនៅក្នុងទឹកដីក្រុងស្វាយរៀងដោយគាត់ពឹងឱ្យខ្ញុំបាទបើករថយន្តជូនពួកគាត់ទៅកន្លែងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ។ ចាប់តាំងពីពេលនោះមកខ្ញុំបាទពុំដែលបានទៅណាទេដោយអ្នកបើកបរ របស់ខ្ញុំបាទបានសុំច្បាប់ ខ្ញុំក៏ស្នាក់នៅផ្ទះរហូត ហើយមកដល់ថ្ងៃដែលបងប្អូនជាអ្នកវិនិយោគិនចិនទាំងនោះចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបខ្ញុំចងចាំថាក្នុងអំឡុងពេលខ្ញុំបាទបើករថយន្តជូនពួកគាត់ទៅសម្រាកជាឱកាសដែលខ្ញុំបាទអាចឆ្លងជំងឺកូវីដ-១៩នេះពីពួកគាត់ ដូច្នេះខ្ញុំបាទក៏សម្រេចចិត្តផ្តល់ពត៌មានជូនក្រុមការងារសុខាភិបាលដើម្បីយកសំណាកទៅពិនិត្យនៅថ្ងៃទី២៩ មីនា ២០២១ លទ្ធផលខ្ញុំបាទវិជ្ជមាន។ពេលទទួលបានពត៌មានភ្លាមខ្ញុំបាទមិនតក់ស្លុតទេគឺបានអនុវត្តតាមការណែនាំរបស់គ្រូពេទ្យក៏ដូចក្រុមការងារដើម្បីមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្នាក់ខេត្តនៅស្រុកស្វាយជ្រំ តែម្តង ។
ជំងឺនេះមិនឈ្នះស្មារតី ទឹកចិត្ត រឹងប៉ឹងរបស់យើងទេ យើងខ្ញុំជាអ្នកជំងឺត្រូវការណាស់ការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន!!
សូមមេត្តាអនុវត្តឱ្យបានវិធាន ៣ការពារ ៣កុំ !!
នៅពេលខ្ញុំបាទបានជាសះស្បើយខ្ញុំបាទនឹងចែករំលែកបទពិសោធន៍ជូនបងប្អូនបន្តទៀត៕
ដោយ៖យឹម សុថាន