ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ដែលរស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:៤០នាទីព្រឹក និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានស្លាប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក។
+ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ត្រូវបានបញ្ជាក់ថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពហត់ខ្លាំង
និងធ្ងន់ធ្ងរ តម្រូវឱ្យគ្រូពេទ្យ មណ្ឌលសុខភាពចាក់អង្រែបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមប្រចាំកាយផង។ ទោះបីក្រុមគ្រូពេទ្យបានខិតខំព្យាបាលដោយយកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦:៤០នាទីព្រឹក។
-ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ត្រូវបានបញ្ជាក់ថាមានវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីដំបូងដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ និងខិតខំព្យាបាលដោយយកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០ នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖
-ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារស្ត្រីរូបនេះមានជំងឺទឹកនោមផ្អែម លើស សម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
-ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សុខ ខេមរា