ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើងពិតជាមានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ តែ០៣រាជធានី ខេត្តប៉ុណ្ណោះគឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ហើយមានប្រសិទ្ធភាពល្អសម្រាប់មនុស្សចាស់។ តែក្នុងនោះយើងសង្កេតឃើញថាប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង បានអញ្ជើញមកចាក់វ៉ាក់សាំងនៅមានចំនួនតិចតួច ដែលមិនទាន់ឆ្លើយតបនឹងផែនការចាក់វ៉ាក់សាំងរបស់យើងនៅឡើយទេ ដោយសារកាលបរិច្ឆេទប្រើប្រាស់វ៉ាក់សាំងមានកំណត់ ដូច្នេះស្នើសុំអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ជាមួយនេះដែរលោក អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់ធ្នាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ ម៉ែត្រ និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
ដោយ៖ឆ្លាម សមុទ្រ