ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ពីរកន្លែងគ្រប់គ្រងដោយកម្លាំងយោធាមីយ៉ាន់ម៉ា បានឆាបឆេះនៅព្រឹកថ្ងៃទី១ខែមេសា។ ភ្លើងឆាបឆេះទីតាំងទីមួយស្ថិតនៅក្នុងតំបន់ Ruby Mart ក្នុងទីក្រុង Yangon ជាមួយគ្នានេះក៏មានមនុស្ស២នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ ក្រៅពីនេះ ក៏មានករណីឆាបឆេះ នៅមជ្ឈមណ្ឌលផ្សារទំនើប នៅ Gandamar។
ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ដោយចាប់ខ្លួន លោកស្រីស៊ូជី និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ដោយចោទប្រកាន់ពីបទកេងបន្លំនៅក្នុងការបោះឆ្នោត ។ សារព័ត៌មាននៅក្នុងតំបន់បានឲ្យដឹងថា លោកស្រីស៊ូជី អាចនឹងត្រូវចោទប្រកាន់ពីបទក្បត់ជាតិ ហើយទោសធ្ងន់បំផុតគឺប្រហារជីវិត។
នៅពេលនេះដែរ ចិនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចិនបានប្រឆាំងនិឹងការដាក់ទណ្ឌកម្ម ដែលមិនអាចជួយដោះស្រាយអ្វីបានថែមទាំងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានអះអាងថា ខ្លួនចង់ឲ្យមានការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយយោធា ប៉ុន្តែចិនមិនគាំទ្រការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាឡើយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC)។
ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក ចាង ជុន (Zhang Jun) បានគូសបញ្ជាក់ប្រាប់អង្គប្រជុំ UNSC ខាងលើនេះថា «ប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្តារសន្តិភាព ស្ថិរភាព និងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តជំរុញការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ»។
លោក Zhang Jun បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ ប្រសិនបើប្រទេសមីយ៉ាន់ម៉ាត្រូវរុញច្រានឲ្យចូលទៅក្នុងភាពចលាចលអូសបន្លាយនោះ វានឹងក្លាយជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ទាំងមូល»៕ ដោយ៖ធីរីណា
រូបភាព៖ vietnamfinance