ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមិនបានសម្រេច ត្រូវពលរដ្ឋនិងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១៤និង ៣៥ នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចតូបជួសជុលម៉ូតូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជុំ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកជនសង្ស័យឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀន)។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣៥ នាទីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CD - 2686 ចេញពីផ្ទះស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ទៅឲ្យជាងដេីម្បីជួសជុល ខណៈពេលដែលជនរងគ្រោះជិះម៉ូតូទៅដល់ផ្ទះជាងក៏បានទុកម៉ូតូនៅខាងមុខផ្ទះដើម្បីឲ្យជាងជួសជុលហ្រ្វ័ងម៉ូតូ ហើយជនរងគ្រោះពុំបានដកសោរម៉ូតូចេញពីម៉ូតូទេរួចក៏ដើរត្រឡប់មកផ្ទះវិញ។
ក្រោយមកទៀត ជនសង្ស័យខាងលេីក៏បានដើរមកដល់ក៏ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះឡើងជិះហើយបញ្ឆេះម៉ូតូបម្រុងជិះគេចខ្លួនតែត្រូវបានប្រពន្ធរបស់ជាងម៉ូតូឃើញក៏ស្ទុះទៅចាប់ទាញកន្ទុយម៉ូតូជាប់រួចស្រែកឲ្យអ្នកជិតខាងជួយ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលេីកផងដែ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ១- ម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CD 2686របស់ជនរងគ្រោះ ២- ដាវកែច្នៃប្រវែង ៥៤ សង់ទីម៉ែត្រ ចំនួន០១ដើម/ ៣- ដំបងឈើមូលប្រវែង ៧៥ សង់ទីម៉ែត្រចំនួន០១ដើម ។ ដោយសម្ភារៈបាត់បង (គ្មាន) ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ