ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មមិនប្រយ័ត្នបោះពួយយ៉ាងលឿនធ្លាក់ផ្លូវក្រឡាប់អ្នកបើកបររងរបួសស្រាល

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តដឹកថ្មមួយគ្រឿងបើកបររេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងរងការខូចខាតយ៉ាងដំណំបណ្តាលឱ្យអ្នកបើកបររងរបួសស្រាល ។

ហេតុការណ៍រថយន្តដឹកថ្មក្រឡាប់នេះបានកើតឡើងនៅវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី០២ ខែមេសាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ ៤ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។

ប្រភពពីសមត្ថភាពជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំថា  រថយន្តដែលក្រឡាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ៣A.៧៤១៣ព្រះសីហនុខូចខាតទាំងស្រុង។

អ្នកបើកបររថយន្តនោះមានឈ្មោះ ជៀន ឌីនី ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិ២ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសស្រាល ។

អ្នកឃើញហេតុការណ៍ថា រថយន្ដដឹកថ្មមួយគ្រឿងនោះបើកបរក្នុងល្បឿនបោះពួយយ៉ាងលឿនពីកើតឆ្ពោះទៅលិចលុះដល់កន្លែងកើតហេតុអ្នកបើកបរគ្មានការប្រុងប្រយ័ត្ន បានរេចង្កូត ធ្លាក់ពីលើថ្នល់ ក្រឡាប់តែម្ដង។

ស្ថានភាពរថយន្តកាប៊ីនមុខខូចខ្ទេចខ្ទីសំណាងអ្នកបើកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកូនមុំក៏បានចុះមកធ្វើការវាស់វែង  និងជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ នៅលើដងផ្លូវ ព្រមទាំងបានបញ្ជូនអ្នកបើកបរទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំ។ 

ឯរថយន្តសមត្ថកិច្ចជំនាញក៏បានទាក់ទងទៅម្ចាស់ដើម្បីស្ទូចយកទៅជុសជុលឡើងវិញផងដែរ ៕                  

ដោយ៖ ជីវ័ន្ត


ចែករំលែក៖