ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចយ៉ាងសកម្មម្នាក់​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ​ ឃាត់ខ្លួន

ចែករំលែក៖

    ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមិនបានសម្រេច​ ត្រូវពលរដ្ឋនិងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ ពងទឹក​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនបានភ្លាមៗ​ កាលពីវេលាម៉ោង ១៤និង ៣៥ នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១​ ត្រង់ចំណុចតូបជួសជុលម៉ូតូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក​ ខណ្ឌដង្កោ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះជុំ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។​ ចំណែកជនសង្ស័យឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ  (មានសារធាតុញៀន)។ 

      លោកវរសេនីយ៍ទោ ជាង ហុកសែ​ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ​ បានប្រាប់ឲ្យដឹងថា​ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣៥ នាទីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកនិច​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CD -​ 2686 ចេញពីផ្ទះស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ទៅឲ្យជាងដេីម្បីជួសជុល​ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូទៅដល់ផ្ទះជាងក៏បានទុកម៉ូតូនៅខាងមុខផ្ទះដើម្បីឲ្យជាងជួសជុលហ្រ្វ័ងម៉ូតូ ហើយជនរងគ្រោះពុំបានដកសោរម៉ូតូចេញពីម៉ូតូទេរួចក៏ដើរត្រឡប់មកផ្ទះវិញ។ 

    ក្រោយមកទៀត​ ជនសង្ស័យខាងលេីក៏បានដើរមកដល់ក៏ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះឡើងជិះហើយបញ្ឆេះម៉ូតូបម្រុងជិះគេចខ្លួនតែត្រូវបានប្រពន្ធរបស់ជាងម៉ូតូឃើញក៏ស្ទុះទៅចាប់ទាញកន្ទុយម៉ូតូជាប់រួចស្រែកឲ្យអ្នកជិតខាងជួយ​ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។ 

    ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ​ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលេីកផងដែ។ 

    វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ១- ម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CD 2686របស់ជនរងគ្រោះ ២- ដាវកែច្នៃប្រវែង ៥៤ សង់ទីម៉ែត្រ ចំនួន០១ដើម/ ៣- ដំបងឈើមូលប្រវែង ៧៥ សង់ទីម៉ែត្រចំនួន០១ដើម​ ។ ដោយសម្ភារៈបាត់បង (គ្មាន)​ ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

 


ចែករំលែក៖