ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តាក់វាយប្រហារតូបអាជីវករនៅលក់ក្បែរជាយដែននិងផ្ទះពលរដ្ឋរងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករជាច្រើនត្រូវបានរងការខូចខាត និងខ្លះទៀតត្រូវខ្យល់វាយប៉ើងជាប់បង្គោលភ្លើងកាលពីរសៀលម៉ោង៣ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ឋិតនៅភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត។

 ប្រភពពីអាជីវករកន្លែងកើតហេតុប្រាប់ឲ្យថា មុនធ្វើឲ្យតូបលក់ដូររបស់ពួកគាត់ខ្លះរងការខូចខាតនោះគេឃើញនៅចន្លោះម៉ោង៣ថ្ងៃទី៤មេសានោះមេឃខ្មៅងងឹតខ្យល់បោកបក់លាយឡំដោយមានភ្លៀងផ្គររន្ទះចំតូបជាច្រើនខ្លះក៏ដួលរៀបដល់ដីនិងតូបលក់ដូរមួយចំនួនទៀតត្រូវខ្យល់វាយប៉ើងទៅប៉ះចំបង្គោលភ្លើងបាក់មួយដើមរួមទាំងធ្វើឲ្យដាច់ខ្សែចរន្តអគ្គិសនីជាច្រើនផងដែរ។

ប្រភពបន្តថា ភ្លៀងលាយឡំខ្យល់ផ្គររន្ទះធ្វើឲ្យតូបរងការខួចខាតនោះមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

 លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃដដែលនេះថា ចំពោះតូបអាជីវករដែលរងការខូចខាតនោះអស់ចំនួនពីរទីតាំង គឺទីតាំងទី១តូបលក់ដូររបស់អាជីវករនៅកន្លែងស្តាវីហ្គាជាប់និងផារាមិកខូចខាតទាំងស្រុងនិងទី២នៅខាងផ្សារកុកអាននិងក៏រងការខូចខាតព្រោះតូបលក់ដូរនៅកន្លែងទីតាំងខាងលើគ្មានដើមឈើណាបាំងជារនាំង។

 លោកបញ្ជាក់ថា ក្នុងនោះផ្ទះពលរដ្ឋនៅពីរសង្កាត់គឺសង្កាត់ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្ដាលរងការខូចខាតអស់ផ្ទះ១៤ខ្នង ចំណែកប្រជាពលរដ្ឋមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែរងរបួសស្រាលចំនួន៥នាក់ នេះជាព័ត៌មានបឋមនៅល្ងាចថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ។

លោកបន្ថែមថា នៅថ្ងៃល្ងាចម៉ោងប្រហែល៥នេះកងកម្លាំងសមត្ថកិច្ចកំពុងតែប្រក់តង់នឹងធ្វើរោងឲ្យពួកគាត់នៅបណ្ដោះអាសន្ន៕

ដោយ ៖ វណ្ណា


ចែករំលែក៖