ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងបរិភោគទាំងអស់នៅទូទាំងរាជធានីភ្នំពេញ គួរបម្រើសេវាវេចខ្ចប់ជូនអតិថិជន ប្រសើរជាងការអង្គុយទទួលទាននៅក្នុងហាង។ លោកបានអំពាវនាវបែបនេះកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។
ការអំពាវនាវរបស់លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយឡើយ ហើយភាគច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការវេចខ្ចប់»។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។
បើតាមអភិបាលរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋាន ហាងកាហ្វេនៅតែអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានការរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
មន្ដ្រីសុខាភិបាលក៏បានប្រាប់ឲ្យដឹងដែរថា ៖ ករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញ នៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូបចុក ជួបជុំគ្នានៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម ។ លើសពីនេះទៅទៀត ក៏មានការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។ ជាក់ស្ដែងបុគ្គលិកធនាគារមួយ ពេលធ្វើការមានការពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្ចប់បាយពីផ្ទះទៅដើម្បីហូប ប៉ុន្ដែបែរជាត្រូវឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេ ដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤ នាក់, អ្នកស្លាប់ចំនួន២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ចំនួន ៥នាក់៕
ដោយ៖ សំរិត