ខេត្តសៀមរាប៖ នៅមុខផ្សារលើធំថ្មី ក្រុងសៀមរាប នាវេលាម៉ោងជាង ៩ យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយ ដោយសារមានបុរសម្នាក់ ជាអតីតប្តី បានបើកឡំប្រឺតា (PassAPP) ដេញបុក និងចាក់អតីតប្រពន្ធបណ្តាលឱ្យរបួសធ្ងន់ធ្ងរហើយរត់គេចបាត់ ។
មន្រ្តីកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា ជនបង្កឈ្មោះ តាំង លាប ភេទប្រុស អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែក ស្ត្រីរងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ ៣៥ ឆ្នាំ រស់នៅភូមិ-សង្កាត់ ជាមួយគ្នា មានកូនចំនួន ២ នាក់ (ស្រីម្នាក់)។ ជនបង្ក និងជនរងគ្រោះ ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា តែបានលែងលះគ្នា ជាង ១ ឆ្នាំមកហើយ។
សាក្សីឃើញហេតុការណ៍នេះបាននិយាយថា ដំបូងគេឃើញ បុរសម្នាក់(ប្តី) បានអង្គុយក្នុងឡំប្រឺតា កង់បី ក្រោយមកឃើញស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ ស្រាប់បុរសនោះ បើកឡំប្រឺតាសំដៅដេញបុកស្ត្រីរងគ្រោះ ហើយទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះ ចំនួន២ កាំបិតតែម្តង។ ភ្លាមនោះ ក៏ត្រូវបានប្អូនស្រី ដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជន ស៊ឹង រិទ្ធី រ៉េត។
ចំណែកក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអតីតប្តី ដោយបានយកកូនកាំបិត មកចាក់ប្រពន្ធ ចំក និងឆ្អឹងជំនីរ ក្រោមដោះ ខាងស្តាំ បណ្តាលឱ្យរបួសធ្ងន់ ហើយទុកឡំប្រឺតា (PassAPP) ពាក់ស្លាកលេខ សៀមរាប ១.AF.៨៨០៣ នៅកន្លែងកើតហេតុ រួចយកម៉ូតូរបស់ប្រជាការពារភូមិ ជិះចេញទៅផ្ទះបាត់។ បន្ទាប់មក ជនបង្កបានយកររថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២.C៧១៧៣ របស់ខ្លួន ជិះគេចខ្លួនបាត់តែម្តង។
យ៉ាងណាករណីនេះកម្លាំងជំនាញ កំពុងសហការគ្នា ស្វែងរកតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន៕
ដោយ ៖ ប្រាថ្នា