ព័ត៌មានទាន់ហេតុការណ៍៖

ឃើញអតីតប្រពន្ធជិះម៉ូតូកាត់មុខបើក​ឡំប្រឺតាដេញ​បុក ហើយ​ចាក់ឲ្យរបួសធ្ងន់រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅមុខ​ផ្សារលើ​ធំថ្មី ក្រុងសៀមរាប នាវេលាម៉ោងជាង ៩ យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ មានការភ្ញាក់ផ្អើលមួយ ដោយសារមានបុរស​ម្នាក់ ជា​អតីត​ប្តី បាន​បើក​ឡំប្រឺតា (PassAPP) ដេញ​បុក និង​ចាក់​អតីត​ប្រពន្ធបណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រហើយរត់គេចបាត់ ។

មន្រ្តីកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា ជនបង្ក​ឈ្មោះ តាំង លាប ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ចំណែក ស្ត្រី​រងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់ ជាមួយគ្នា មានកូន​ចំនួន ២ នាក់ (​ស្រី​ម្នាក់​)​។ ជនបង្ក និង​ជនរងគ្រោះ ធ្លាប់ជា​ប្តី​ប្រពន្ធ​នឹង​គ្នា តែ​បាន​លែងលះគ្នា ជាង ១ ឆ្នាំ​មកហើយ​។​

សាក្សីឃើញហេតុការណ៍នេះបាន​និយាយថា ដំបូង​គេ​ឃើញ បុរស​ម្នាក់(ប្តី) បាន​អង្គុយ​ក្នុង​ឡំប្រឺតា កង់​បី ក្រោយមកឃើញ​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​ម្នាក់ ជិះ​ម៉ូតូ មក​កន្លែង​លក់​ផ្លែឈើ ស្រាប់​បុរស​នោះ បើក​ឡំប្រឺតាសំដៅ​ដេញ​បុក​ស្ត្រី​រងគ្រោះ ហើយ​ទាញ​កាំបិត​ចិតបន្លែ ចាក់​មកលើ​ស្ត្រី​នោះ ចំនួន​២ កាំបិត​តែម្តង​។ ភ្លាមនោះ ក៏ត្រូវបាន​ប្អូនស្រី ដឹក​តាម​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯកជន ស៊ឹង រិទ្ធី រ៉េត​។​

ចំណែកក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា ករណីនេះបង្កឡើង​ដោយ​អតីត​ប្តី ដោយបាន​យក​កូនកាំបិត មកចាក់​ប្រពន្ធ ចំក និង​ឆ្អឹងជំនីរ ក្រោម​ដោះ ខាងស្តាំ បណ្តាលឱ្យ​របួសធ្ងន់ ហើយ​ទុក​ឡំប្រឺតា (PassAPP) ពាក់​ស្លាក​លេខ សៀមរាប ១.AF.៨៨០៣ នៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ ជិះ​ចេញទៅ​ផ្ទះ​បាត់​។ បន្ទាប់មក ជនបង្ក​បាន​យក​ររថយន្តឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២.C៧១៧៣ របស់ខ្លួន ជិះ​គេចខ្លួន​បាត់​តែម្តង។​

យ៉ាងណាករណីនេះកម្លាំង​ជំនាញ កំពុង​សហការគ្នា ស្វែងរក​តាម​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យខាងតែបាន៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖