ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចដាក់ឲ្យបើកដំណើរការផ្សារពង្រឡើងវិញក្រោយពីបានបិទអស់មួយរយៈដោយសារមានអ្នកពាក់ព័ន្ធបុគ្គលមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ ផ្សារពង្រ ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបិទ អស់មួយរយៈពេលនោះ នាពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេច ដាក់ឲ្យបើកដំណើរជាផ្លូវការវិញហើយ នេះបើតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ។

  យោងតាមលិខិតផ្លូវការរដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ការសម្រេចដាក់ឲ្យបើកដំណើរការផ្សារពង្រសារជាថ្មីឡើងវិញ គឺបន្ទាប់ពីមានបាយការណ៍របស់មន្ទីរសុខាភិបាល ស្តីពីលទ្ធផលតេស្តសំណាកលើកទី៣ បានបង្ហាញថា អ្នកពាក់ព័ន្ធទាំង១១នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយនិងអ្នកវិជ្ជមានកូវីដ-១៩  គឺអវិជ្ជមានកូវីដ-១៩ ។

  បើទោះបីដាក់ឲ្យដំណើរជាផ្លូវការផ្សារពង្រនេះឡើងវិញក៏ដោយប៉ុន្តែរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើឲ្យម្ចាស់តូបលក់ដូរ និង ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយនិងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយនិងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាល គឺ «៣កុំ ៣ការពារ»។

  អាជ្ញាធរខេត្តគ្រោង នឹងដាក់ឲ្យដំណើរការផ្សារពង្រនេះចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះតទៅ ៕

ដោយ៖ ចន្ថា


ចែករំលែក៖