ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន និងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន កិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១។
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ប៊ូយ ថាញ់សឺន ដើម្បីអបអរសាទរដែលលោកត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងការភាព
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ ក៏បានសម្តែងនូវជំនឿជឿជាក់ផង ដែរថា ជាមួយនឹងបទពិសោធន៍ការទូត និងជំនាញដ៏ទូលំទូលាយរបស់លោក ប៊ូយ ថាញ់សឺន
ប្រទេសវៀតណាម នឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប លោក ប៊ូយ ថាញ់សឺន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប្រាក់ សុខុន សម្រាប់សារអបអរសាទរ និងសារធុការពរ ដែលជាការលើកទឹកចិត្តសម្រាប់លោក ក្នុងការបំពេញភារកិច្ចថ្មី។
ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និង ភាតរភាព អំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងជាលំដាប់នូវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យ អប់រំ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការតភ្ជាប់ និងសន្តិសុខ ស្របពេលជាមួយការ កូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តរឹងមាំ ក្នុងការធ្វើជាមួយគ្នាកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិត ថែមទៀត តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងការសម្រេចចិត្តនានា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលរួមមាន ការគ្រប់គ្រងព្រំដែន ការការពារសន្តិសុខនៅតាម បណ្តោយព្រំដែន ការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ និងការឆ្លងកាត់របស់ ប្រជាជន និងទំនិញនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះវិធានការ និងកិច្ចសហការរវាងភាគីទាំងពីរ ក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរ គុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់សម្ភារៈវេជ្ជសាស្ត្រ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ -១៩ ។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហា តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។ ក្នុងបរិបទនេះ លោករដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ដ៏ពេញលេញរបស់ប្រទេសវៀតណាម ចំពោះប្រទេសកម្ពុជាក្នុងនាមជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅចុងឆ្នាំ២០២១ និងធ្វើជាប្រធាន ប្តូរវេនអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។

នៅចុងបញ្ចប់នៃការសន្ទនា លោក ប្រាក់ សុខុន បានអញ្ជើញ លោក ប៊ូយ ថាញ់សឺន មក បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប និងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា នា ចុងឆ្នាំ២០២១ នេះ។ លោក ប៊ូ ថាញ់សឺន ក៏បានអញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញ ទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្របផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានទទួល យកការអញ្ជើញនេះដោយសេចក្តីសោមនស្សរីករាយ៕

ដោយ ៖ សិលា


ចែករំលែក៖