ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា មេឃនៅតែបន្តធ្លាក់ភ្លៀងនៅតាមបណ្ដារាជធានី-ខេត្តចំនួន១៧ នៅថ្ងៃទី៩ និង១០ ខែមេសានេះ។ ដោយភ្លៀងធ្លាក់នេះ រាយប៉ាយក្នុងកម្រិតពី១ដល់៧៤មីលីម៉ែត្រ នៅតែបន្តធ្លាក់មកជាបន្តបន្ទាប់រៀងរាល់ថ្ងៃ រហូតដល់ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មី។
លោក ចាន់ យុត្ថា បន្តថា ក្នុងរយៈពេលពីរ ទៅបីថ្ងៃមកនេះ គ្រប់រាជធានី-ខេត្ត និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ គ្រាន់តែកន្លែងខ្លះមានតិច និងកន្លែងខ្លះច្រើន រហូតដល់កម្រិតជាង៧០មីលីម៉ែត្រក៏មានដែរ។ លេីសពីនេះ អ្នកនាំពាក្យរូបនេះ បញ្ចាក់បន្ថែមថា ការធ្លាក់ភ្លៀងនេះ នៅតែបន្តមានចាប់ពីថ្ងៃនេះ (១០មេសា)តទៅរហូតដល់ចូលឆ្នាំខ្មែររួច នៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកទៀត។
ដោយឡែក បេីតាមរបាយការណ៍ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមេសានេញ ក៏បានបង្ហាញថា ខេត្តកំពង់ចាម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពី២០ ទៅ៣៣មីលីម៉ែត្រ, ខេត្តកំពត ៣៣មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺពី ១ដល់៤០មីលីម៉ែត្រ, ខេត្តស្ទឹងត្រែងពី ២ទៅ១៤មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំពី១១ដល់៣៨មីលីម៉ែត្រ, ខេត្តតាកែវពី៧ដល់៦៥មីលីម៉ែត្រ, ខេត្តព្រៃវែងពី២ដល់៥២មីលីម៉ែត្រ, ខេត្តស្វាយរៀងពី២ដល់៧៤មីលីម៉ែត្រ, ខេត្តសៀមរាបពី៤ដល់២០មីលីម៉ែត្រ, ខេត្តកំពង់ធំ ពី២ដល់៦៤មីលីម៉ែត្រ, ខេត្តកណ្តាលពី៤ដល់១៣មីលីម៉ែត្រ, ខេត្តរះវិហារពី៨ដល់៣៩មីលីម៉ែត្រ, ខេត្តបាត់ដំបងពីពី៣ដល់២៨មីលីម៉ែត្រ, ខេត្តព្រះសីហនុ២២មីលីម៉ែត្រ, ខេត្តក្រចេះ ៣៦មីលីម៉ែត្រ, ខេត្តកំពង់ឆ្នាំងពី២ដល់១៧មីលីម៉ែត្រ និងនៅភ្នំពេញពី៣ដល់៤៨មីលីម៉ែត្រ។
របាយការណ៍ដដែល បានបន្តទៀតថា កាលពីថ្ងៃទី៦ ខែមេសាថ្មីៗនេះ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៧-១៣ខែមេសាថា ព្រះរាជាណាចក្រកម្ពុជា នៅចន្លោះពេលនេះទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ពីសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ, អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះផ្នែកខ្លះអាចមានភ្លៀងច្រើន។
នៅក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុនេះ បានបញ្ជាក់ទៀតថា គ្រប់បណ្តាខេត្ត ដែលជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមានសីតុណ្ហភាពអប្បបរមាពី២៤ -២៦អង្សាសេ,សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២-៣៤ អង្សាសេ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងខាងងលើនេះ ក្រៅពីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាព័ត៌មាន ហើយក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅបណ្ដាខេត្តនៅភាគពាយ័ព្យផងដែរ៕ដោយ៖សហការី
រូបភាព៖ឯកសារ