ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១ លោកបានធ្វើការពន្យល់ បកស្រាយជូនសាធារណជនថា, កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ៖
មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្រ្តីរាជការសាធារណៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ។
លោកបន្តថា, កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្រ្តីសុខាភិបាលមានសមត្ថកិច្ច៕
ដោយ ៖ សិលា