ខេត្តព្រះវិហារ៖ ទីបំផុត! តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ “ផ្កាយពេជ្រ” មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ជើង ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីគំរាមនារីបម្រើការងារជាង១០នាក់ មិនឲ្យឈប់សម្រាក ខណៈកំពុងផ្ទុះកូវីដ១៩ ហេីយនារីរងគ្រោះទាំងនោះ នាំគ្នាប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរគមន៍។
បេីយោងតាមលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះធ្វើការឃាត់ខ្លួនម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះដែលជាបុគ្គលិកបានចំនួន ១៤នាក់»។
ព្រះរាជអាជ្ញារងរូបនេះ បន្តថា មុននឹងឈានដល់ការឃាត់ខ្លួនម្ចាស់អាហារដ្ឋាន “ផ្កាយពេជ្រ” នេះ គឺដោយសារនារីរងគ្រោះដែលបម្រើការនៅក្នុងហាងបានដាក់ពាក្យបណ្តឹងម្ចាស់ហាងខាងលើនេះ ពីបទគម្រាមកំហែងមិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានណែនាំឱ្យផ្អាកសកម្មភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ក៏ដោយ។
បន្ថែមពីនេះ លោក វុធ សាវី បានបន្ថែមថា ដោយសារចង់ដឹងពីភាពពិតប្រាកដនៃបណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ បានបើកដំណើរការដូចបណ្តឹងរបស់នារីជាអ្នកបម្រើពិតប្រាកដមែន នឹងបានឃាត់ខ្លួនជាក់ស្តែងម្ចាស់ហាង និងមនុស្សដែលពាក់ព័ន្ធសរុបជាង ២០នាក់ទៀត បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងយប់។
ជាមួយគ្នានេះ លោកព្រះរាជអាជ្ញារងរូបនេះ បានសង្កត់ធ្ងន់ថា រយៈពេលពេញមួយ គឺថ្ងៃទី១១ មេសាម្សិលមិញ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាប៣ករណីមាន៖ទី១៖ បង្រ្កាបល្បែងសុីសងខុសច្បាប់ នៅកណ្តាលក្រុងព្រះវិហារ, ទី២៖ បង្រ្កាបទីតាំងកត់កន្ទុយលេខដុះស្លែនៅមុខវត្តប្រយុទ្ធ និងទី៣៖ បង្រ្កាបករណីគំរាមកំហែងឱ្យបំពេញកាតព្វកិច្ចនៅស្រុកគូលែនផងដែរ៕
ដោយ៖សហការី