ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ម្ចាស់អាហារដ្ឋានយីហោ”ផ្កាយពេជ្រ” ខេត្តព្រះវិហារ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្រោយគំរាមនារីបម្រើការងារជាង១០នាក់ មិនឲ្យឈប់សម្រាក​ ខណៈកំពុង​ផ្ទុះ​កូវីដ-១៩​

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖ ទីបំផុត​! តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ “ផ្កាយពេជ្រ” មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ជើង ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពី​គំរាមនារីបម្រើការងារជាង១០នាក់ មិនឲ្យឈប់សម្រាក​ ខណៈកំពុង​ផ្ទុះ​កូវីដ១៩​ ​ ហេីយ​នារីរងគ្រោះទាំងនោះ​ នាំគ្នា​ប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរគមន៍។

បេីយោង​តាម​លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា៖ «ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះធ្វើការឃាត់ខ្លួនម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះដែលជាបុគ្គលិកបានចំនួន ១៤នាក់»។

ព្រះរាជអាជ្ញារងរូបនេះ​ បន្តថា មុននឹងឈានដល់ការឃាត់ខ្លួនម្ចាស់អាហារដ្ឋាន “ផ្កាយពេជ្រ” នេះ គឺដោយសារនារីរងគ្រោះដែលបម្រើការនៅក្នុងហាងបានដាក់ពាក្យបណ្តឹងម្ចាស់ហាងខាងលើនេះ ពីបទគម្រាមកំហែងមិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានណែនាំឱ្យផ្អាកសកម្មភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ក៏ដោយ។

​បន្ថែមពីនេះ​ លោក វុធ សាវី បានបន្ថែមថា ដោយសារចង់ដឹងពីភាពពិតប្រាកដនៃបណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ បានបើកដំណើរការដូចបណ្តឹងរបស់នារីជាអ្នកបម្រើពិតប្រាកដមែន នឹងបានឃាត់ខ្លួនជាក់ស្តែងម្ចាស់ហាង និងមនុស្សដែលពាក់ព័ន្ធសរុបជាង ២០នាក់ទៀត បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងយប់។

ជាមួយគ្នានេះ​ លោកព្រះរាជអាជ្ញារង​រូបនេះ​ បានសង្កត់ធ្ងន់ថា​ រយៈពេល​ពេញមួយ​ គឺថ្ងៃទី១១ មេសាម្សិលមិញ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាប៣ករណីមាន៖ទី១៖ បង្រ្កាបល្បែងសុីសងខុសច្បាប់ នៅកណ្តាលក្រុងព្រះវិហារ, ទី២៖ បង្រ្កាបទីតាំងកត់កន្ទុយលេខដុះស្លែនៅមុខវត្តប្រយុទ្ធ និងទី៣៖ បង្រ្កាបករណីគំរាមកំហែងឱ្យបំពេញកាតព្វកិច្ចនៅស្រុកគូលែនផងដែរ៕

ដោយ​៖​សហការី​


ចែករំលែក៖