ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ចូលខ្លួនមកព្យាបាល ៥នាក់បន្ថែមទៀតបន្ដចូលខ្លួនដែរ ក្នុងចំណោម៩នាក់ដែលអាជ្ញាធរព្រមានបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកកើតជំងឺកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត ដែលរកមិនទាន់ឃើញនោះ នៅពេលនេះបានទាក់ទងមកអាជ្ញាធរអស់ហើយ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីឱ្យមកទទួលពួកគាត់ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យហើយ បន្ទាប់ពី៤នាក់បានចូលខ្លួនតែប៉ុន្មានម៉ោងមុននោះក្នុង ចំណោម៩នាក់ ដែលអាជ្ញាធរព្រមានបញ្ជូនទៅតុលាការ ។ រហូតមកដល់ម៉ោងនេះអ្នកជំងឺកូវីដ-១៩ដែលគេចវេះពីការព្យាបាលនោះ ឥឡូវចូលខ្លួនមកព្យាបាលអស់ហើយ ។ 

     លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា៖ អ្នកជំងឺកូវីដ-១៩ចំនួន៥នាក់ចុងក្រោយ ដែលមិនអាចទាក់ទងបាននោះ នៅពេលនេះពួកគាត់បានទាក់ទងមកអាជ្ញាធររាជធានីភ្នំពេញហើយ ដើម្បីមកទទួលពួកគាត់ទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ   

    សូមបញ្ជាក់ថា ៖ មនុស្សជាង៥០នាក់ ដែលរដ្ឋបាលរាជធានីភ្នំពេញប្រកាសជូនដំណឹងថា មិនអាចទាក់ទងបានក្រោយរកឃើញជំងឺកូវីដ-១៩នោះ នៅពេលនេះរកឃើញមកវិញអស់ហើយ។ កាលពីព្រឹកមិញ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃឱ្យអ្នកដែលកើតជំងឺកូវីដ-១៩ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេះទៀតនោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។ សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរជូនដំណឹង ហើយនៅតែបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ-១៩។ 

  ជាមួយគ្នានេះលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ-១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ៕

ដោយ៖ សំរិត


ចែករំលែក៖