ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននិងម៉ាឡេស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំងជូនមនុស្សចាស់

ចែករំលែក៖

នៅថ្ងៃទី១២ខែមេសា ជប៉ុនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ជូនពលរដ្ឋមានវ័យចំណាស់ រហូតដល់ទៅ៣៦លាននាក់ ដែលជាអាទិភាពទីពីរបន្ទាប់ពីបុគ្គលិកសុខាភិបាល ។
វ៉ាកសាំងដែលជប៉ុនប្រើគឹជាប្រភេទ Pfizer/BioNTech ។ តាមការប្រកាសរបស់ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានបង្ហាញក្តីសង្ឃឹមថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋមានវ័យចំណាស៣៦លាននាក់ រហូតដល់ខែមិថុនាឆ្នាំ២០២១។ វ៉ាក់សាំង Pfizer/BioNTech រដ្ឋាភិបាលជប៉ុនបានអនុម័តឲ្យចាក់ជូនបុគ្គលិកមន្ត្រីសុខាភិបាលតាំងពីខែកុម្ភៈឆ្នាំ២០២១ ហើយមកទល់ពេលនេះមានបុគ្គលិកសុខាភិបាល១,៥លាននាក់ហើយបានចាក់វ៉ាក់សាំង ។
ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ីវិញ ពលរដ្ឋមានវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីក្រុមហ៊ុន Sinovac ក្រោយពេលពិនិត្យឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សចាស់ ។
អាជ្ញាធរសុខាភិបាលម៉ាឡេស៉ី បានសម្រេចដូចខាងលើ បន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ ចំពោះទិន្នន័យថ្មីចុងក្រោយ រួមទាំងទិន្នន័យបានមកពីបណ្តាប្រទេសដទៃៗទៀតដែលបង្ហាញថា វ៉ាក់សាំង Sinovac ពិតជាមានសុវត្ថិភាព ប្រសិទ្ធភាព សម្រាប់មនុស្សចំណាស់ៗ ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។ វ៉ាក់សាំង Sinovac នឹងប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទីពីរនេះ ព្រមជាមួយវ៉ាក់សាំង Pfizer-BioNTech ដែរ។
ម៉ាឡេស៉ីទទួលបានវ៉ាក់សាំង COVID-19 សរុប ១.២លានដូស សម្រាប់ដំណាក់កាលទី១ ដែលភាគច្រើនជាវ៉ាក់សាំង Pfizer-BioNTech និង ២សែនដូសជារបស់ Sinovac។ ក្នុងខែមេសានេះ ម៉ាឡេស៉ីត្រូវគេរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac លើកទីពីរចំនួន ២.៥លានដូស ខណៈម៉ាឡេស៉ីរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac សរុប ១៣លានដូស រហូតដល់ខែកញ្ញាខាងមុខ៕ដោយ៖ ធីរីណា

រូបភាព៖ VOV


ចែករំលែក៖