ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, ខ្ញុំសូមជម្រាបជូនថា៖
ប័ណ្ណចាក់វ៉ាក់សាំងប្រើប្រាស់ជាឯកសារសំខាន់សម្រាប់អ្នកដែលត្រូវចេញទៅទទួលចាក់វ៉ាក់សាំងលើកទី២!
លោកបញ្ជាក់បន្តថា, ដោយឡែកសម្រាប់អ្នកដែលទទួលការចាក់វ៉ាក់សាំងទាំងពីរលើករួចហើយនោះ គឺពុំអាចប្រើប្រាស់ប័ណ្ណនេះ ជាមូលហេតុនៃការធ្វើដំណើរក្នុង ឬចេញចូលតំបន់បិទខ្ទប់បានឡើង លើកលែងតែមានការជូនដំណឹងពីក្រសួងសុខាភិបាលក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះនេះ!
កាលពីម្សិលមុិញ លោក គឹម សន្តិភាព បានលើកឡើងថា, បើទោះខ្សែនេះគ្មានវិញ្ញាណ តែខ្សែនេះអាចនាំអោយអ្នកមានទោសទណ្ឌប្រសិនអ្នកបំពាន! សំដៅលើខ្សែសមត្ថកិច្ចដាក់បិទខ្ទប់ការចេញ-ចូលដោយគ្មានការអនុញ្ញាត។
លោកថា, ខ្សែនេះជាបន្ទាត់នៃការអនុវត្តវិធានការ បើទោះមាន ឬគ្មានសមត្ថកិច្ចឈរជើងក៏ដោយ សូមកុំបំពាន!
ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង អ្នកនឹងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ! ៕
ដោយ៖ សុខ ខេមរា