ភ្នំពេញ៖ បើយោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ !
សូមជម្រាបថា, ដោយសារការចរាចរណ៍នៅតែមានបន្តទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅកន្លែងនោះ ក្នុងរយៈពេល ១៤ថ្ងៃ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះ គឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទ្រាំទ្រនូវការលំបាកក្នុងរយ:ដែលប្រទេសជាតិជួបការលំបាកនេះ ។
សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ជូនថា ប្រសិនបើ ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ សម្តេចនឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយអាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់។
សូមរំឮកថា, រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។
ថ្ងៃចូលឆ្នាំដំបូងសម្តេចមានប្រសាសន៍ថា, អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គិភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន។
សម្តេចសូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។
សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ ខ្ញុំនិងភរិយាសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា