ភ្នំពេញ៖ នារសៀលថ្ងៃទី ១៦ ខែមេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតអោយរថយន្តពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្តពេទ្យ រថយន្តយោធា និងរថយន្តនគរបាលបានទេ ឬរថយន្តរបស់អ្នកធំណាម្នាក់ ដែលត្រូវបានទទួលការអនុញ្ញាតឱ្យធ្វើដំណើរនោះដែរ។ សូមជម្រាបជូនថា, ការបញ្ជារបស់សម្តេចតេជោ គឺការពារ ការរាលដាលពីជំងឺកូវីដ-១៩ គិតគូរពីអាយុជីវិតប្រជាពលរដ្ឋ។
ក្នុងសារសម្លេងពិសេស សម្តេចតេជោ បានមានប្រសាសន៍ថា «ហើយខ្ញុំបានទទួលដំណឹងមិនផ្លូវការថា មានការរត់ពន្ធមនុស្ស នៅតាមការធ្វើដំណើរមួយចំនួន ក្នុងនោះ ក៏មានការប្រើប្រាស់ឡានពេទ្យ តែខ្ញុំមិនជឿនោះទេ » ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាថា «តែខ្ញុំត្រូវតែពន្យល់ប្រាប់ទៅរថយន្តពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្តពេទ្យ រថយន្តយោធា និងរថយន្តនគរបាលបានទេ ឬរថយន្តរបស់អ្នកធំណាម្នាក់ ដែលត្រូវបានទទួលការអនុញ្ញាតឱ្យធ្វើដំណើរនោះដែរ ។ សូមបញ្ជាក់ជូនអំពីចំណុចនេះឱ្យបានច្បាស់ » ។
តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុនសែន បានបន្តថា «ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំនឹងអូសបន្លាយពេល នៃការបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ និងអាចបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់» ។ សម្តេចបានបន្ថែមថា «បើគ្មានកិច្ចសហការពីប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ។ ហើយបើសិនជាគ្មានការអនុវត្តដោយ ម៉ឺងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាលនិងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ទេនោះ យើងនឹងមិនអាចទទួលបានជោគជ័យបានទេ ។ អ៊ីចឹងខ្ញុំព្រះករុណា សុំបញ្ជាក់ ថាការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះ តែម្តង ។ លើកលែងតែករណីមួយចំនួន ហើយក៏សុំកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេសដើម្បីជាការចាកចេញរបស់បងប្អូនដែរ ។ ឥឡូវ បញ្ជា ដាច់ខាត មិនឱ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យ មនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ ។ អ្នកដែលបានទៅលេងស្រុក ហើយត្រឡប់ចូលទីក្រុងភ្នំពេញ គឺត្រូវនៅស្រុក ១៤ ថ្ងៃរហូតដល់ពេលភ្នំពេញត្រូវបានបើក ។ សុំសាលារាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពិនិត្យបញ្ហានេះ ឱ្យបានម៉ត់ចត់ ដើម្បីជៀសវាងនូវការចម្លងចេញ-ចូល ពីខេត្តចូលមកទីក្រុង ហើយពីទីក្រុងទៅកាន់ខេត្ត ។ យើងធ្វើនេះ ក្នុងគោលដៅ ម្ខាង គឺដើម្បីកាត់ផ្តាច់ បន្ថយការចម្លង រវាងអ្នកនៅផ្ទះមួយទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយ ក៏ដូចជាការកាត់ផ្តាច់ការចម្លងពីភ្នំពេញទៅខេត្ត និងពីខេត្តមកភ្នំពេញ » ។
សម្តេចបានគូសបញ្ជាក់ថា ការបន្តចល័តដោយលួចលាក់ គឺបង្កហានិភ័យនៃការឆ្លងរីករាលដាលកូវីដ ពីខេត្តមករាជធានី និងពីរាជធានីទៅខេត្ត ។ «ដូច្នេះអ្នក នៅក្នុងទីក្រុងភ្នំពេញ មិនត្រូវបានបញ្ចេញទៅតាមខេត្ត ធ្វើដំណើរទៅខេត្តទេ ហើយអ្នកខេត្តក៏មិនត្រូវចូលមកភ្នំពេញដែរ រួមទាំងអ្នកទៅលេងស្រុកពេលចូលឆ្នាំនេះ គឺមិនអនុញ្ញាតឱ្យចូលក្រុងភ្នំពេញឡើយ សូមត្រឡប់ទៅខេត្តនៅផ្ទះរបស់ខ្លួនរង់ចាំទីក្រុងភ្នំពេញបើកទើបឱ្យចូល ។ ក្នុងចំណុចនេះ យើងបានឃើញមានមនុស្សមួយចំនួនបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ដូចជាខេត្តព្រៃវែង និងខេត្តក្រចេះជាដើម ទៅដល់ឃើញវិជ្ជមានកូវីដ-១៩ នៅតាមខេត្តតែម្តង ។ អ៊ីចឹងទេ ស្ថានភាពបែបនេះ តម្រូវឱ្យយើងមានការចាំបាច់ ដើម្បីនឹងរឹតបន្តឹងបន្ថែមទៀត» ។ នេះជាបទបញ្ជារបស់សម្តេចតេជោ។
អាចនិយាយបានថា, ខណ:សម្ដេចបានលើកឡើងខាងលើ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួនពីរនាក់ ដែលត្រូវបានតែកុងឡានពាក់ស្លាក(ខម) លួចបន្លំដឹកពីក្រុងបាវិតមកកាន់រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចស្រុកលើដែក។ រួចក៏ប្រគល់ឲ្យទៅកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចាត់ការបន្តតាមនិតិវិធី។
សូមបញ្ជាក់ផងដែរថា, ដើម្បីជាវិធានការបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ឧបករណ៍ឃោសនាស័ព្ទ( មេក្រូ ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញដែលឈរគោលដៅចេញ-ចូលក្នុងរាជធានីភ្នំពេញ ដើម្បីជាជំនួយប្រើប្រាស់សម្រាប់បញ្ជាក់ជូនប្រជាពលរដ្ឋ។
ដោយឡែកលោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងផងដែរថា, សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩! ៕
ដោយ ៖ សិលា