ភ្នំពេញ៖ នៅវេលារសៀលថ្ងៃសុក្រ ៥កើត ខែ ពិសាខ ជាថ្ងៃវារៈឡើងស័កព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីស្រង់ព្រះទេវរូប ព្រះនរាយណ៍ ព្រះកច្ចាយនត្ថេរ ព្រះឥសូ និងព្រះចន្ទី ដែលប្រព្រឹត្តិទៅប្រកបដោយភាពខ្ពង់ខ្ពស់ នៅក្នុងព្រះរាជតំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។
ព្រះរាជហទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីស្រង់ព្រះទេវរូប ក្នុងថ្ងៃវារៈឡើងស័កនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏សោមនស្សរីករាយនៃយើងនៅពេលនេះ គឺជាព្រះរាជសទ្ធាដ៏ជ្រះថ្លា ដែលព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គផ្ទាល់តែងតែគោរពបូជា ក្នុងភាពខ្ពង់ខ្ពស់ជានិច្ច ចំពោះតួអង្គព្រះអាទិទេពក្នុងលទ្ធិព្រហ្មញ្ញសាសនាតាំងពីដើមរៀងមក។
ចំពោះព្រះរាជហឬទ័យនៃអង្គសម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជកិច្ចស្រង់ព្រះទេវរូបទាំង៤ព្រះអង្គនៅក្នុងឪកាសដ៏ប្រសើរថ្លៃថ្លានេះ គឺដើម្បីព្រះទេវរូបបានចម្រើននូវព្រះតេជៈបារមី ប្រកបដោយឬទ្ធានុភាពកាន់តែខ្ពង់ខ្ពស់ត្រជាក់ត្រជុំ ក្នុងការជួយអភិបាលគ្រងរក្សា ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិយើងបានស្គាល់តែសេចក្តីសុខ ចម្រុងចម្រើននៅគ្រប់ទិវារាត្រី៕
ប្រភព ៖ ទទក