ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កុំព្រហើនពេក! ប្រទេសគ្រប់គ្រងដោយច្បាប់ , អាងបើកឡានពាក់ស្លាកលេខ ន.ប និងបោះសម្ដីថា គេមិនហ៊ានចាប់ខ្លួន ទីបំផុតអាចទៅទទួលទានដំណេកនៅគុក !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលបើកឡានពាក់ស្លាកលេខ ន.ប និងបោះសម្ដីថា គេមិនហ៊ានចាប់ខ្លួន ពេលអនុវត្តការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅតុលាការ, ក្រោយការសួរនាំ បុគ្គលរូបនេះបានបន្លំខ្លួនជាមន្រ្តីនគរបាល និងជាមេរៀន ក៏ដូចជាសារដល់អស់លោកខ្លះចូលចិត្តបំពានច្បាប់ រៀនកែសារជាតិខ្លួនអោយហើយ ប្រយ័ត្នជាប់ជុចចឹង !
សូមបញ្ជាក់ថា, បុគ្គលដែលបើករថយន្ដពាក់ស្លាកលេខ ន.ប និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំក្រោយចាប់ខ្លួនព្រឹកមិញ។

សមត្ថកិច្ចបានអោយដឹងថា, បន្ទាប់ពីបញ្ចប់ការសួរនាំ មន្ដ្រីនគរបាលយុត្តិធម៌ បានបញ្ជូនបុគ្គលឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ ល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៣៖០០រសៀលនេះ។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា នៅពេលសួរនាំ បុគ្គលរូបនេះមិនមែនជាមន្ដ្រីនគរបាលនោះទេ ពោលពេលឡាយវីដេអូនោះ គ្រាន់និយាយអួតគេតែប៉ុណ្ណោះ។ សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការនេះ សំយោគ២បទល្មើស រួមមាន៖
ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ
ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។

សូមជម្រាបថា, បុគ្គលរូបនេះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា , បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ស្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។

សមត្ថកិច្ចថា , បុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

គួរជម្រាបថា ការចាប់ឃាត់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ។
សូមជម្រាបជូនថា, នេះជាដំណាក់កាលដែលសមត្ថកិច្ច បានវែកមុខក្រុមបំពុលសង្គម ក៏ដូចជាក្រុមបន្លំធ្វើជាសមត្ថកិច្ច ហើយសមត្ថកិច្ចខ្លះមិនបានគោរពច្បាប់ ត្រូវតែទទួលនូវទោសទណ្ឌ នៃបទល្មើសដែលខ្លួនបានប្រព្រឹត្ត ដោយគ្មានការលើកលែងពីស្ថាប័នតុលាការឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖