ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៧ខែមេសាក្រសួងសុខាភិបាលឥណ្ឌាប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន234.692នាក់ក្នុងពេល២៤ម៉ោង

ចែករំលែក៖

នេះជាថ្ងៃទី៣ជាប់គ្នាដែលឥណ្ឌាមានករណីឆ្លងកូវីដ-១៩លើសពី២សែននាក់ក្នុងរយៈពេល២៤ម៉ោង ជាកម្រិតឆ្លងប្រវត្តិសាស្ត្រក្នុងប្រទេសនេះ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ទៅជាង១៤,៥លាននាក់ ហើយនិងស្លាប់175.649 នាក់។
តាមសារព័ត៌មាន TTXVN បានផ្សាយថា រដ្ឋ Maharashtra និងទីក្រុងញូវដេលី មានករណីឆ្លងច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងដល់ទៅ 63.729 នាក់និង19.486នាក់ ក្នុងពេល២៤ម៉ោង ។ ដោយឡែក បច្ចុប្បន្ននេះ នៅមានអ្នកជំងឺ COVID-19 សរុបចំនួន ១,៦៧៩,៧៤០នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺសរុបចំនួន ១២,៦៧១,២២០នាក់ទៀតបានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានបន្តកើនឡើងដល់កម្រិតខ្ពស់ៗបំផុតនៅក្នុងប្រទេសឥណ្ឌា ជារៀងរាល់ថ្ងៃ ដោយសារតែរដ្ឋាភិបាលឥណ្ឌាបានច្រានចោលការអំពាវនាវឱ្យមានការបិទប្រទេសទាំងស្រុង ដើម្បីទប់ទល់នឹងស្ថានភាពដែលកាន់តែអាក្រក់ទៅៗនេះ។
ទោះជាបែបនេះក្ដី សាលារៀនជាច្រើនត្រូវបានសម្រេចឱ្យលុបចោលការប្រលង ឬក៏ត្រូវបានពន្យារពេលមួយរយៈសិន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាគ្រប់ទម្រង់ ដែលនឹងអាចនាំឱ្យមានការផ្ទុះឡើងនូវរលកថ្មីនៃជំងឺ COVID-19 កាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។
បន្ថែមពីនេះ រដ្ឋធានីញូវដេលី (New Delhi) ក៏បានសម្រេចដាក់ចេញនូវបម្រាមគោចរពេលយប់ ដែលបានចាប់ផ្ដើមកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ រហូតដល់ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយផងដែរ។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ គិតចាប់តាំងពីថ្ងៃទី១៦ ខែមករា រហូតមកទល់ពាក់កណ្ដាលខែមេសានេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេសជិត ១២០លាននាក់ហើយ៕ ដោយ៖ ធីរីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖