ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ អតីតលោកផ្កាយ២ អ៊ុង ចាន់ធួក បន្ទាប់ពីទូលថ្វាយស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ។

មាត្រា ១ : ដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសំឡេងឲ្យដឹងថា , សម្តេចតេជោកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងប៉ាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ-១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
មជ្ឈមណ្ឌលជាច្រើនបានលើកឡើងថា,ម៉ោងនេះហើយ មិនអាចបណ្តែតបណ្តោយយ៉ាងនេះទៀតឡើយ បើជាកងកម្លាំង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខ័ណ្ឌ និងគុក!។
ជនប្រព្រឹត្តបទល្មើសច្បាប់ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីខាងជំនាញសុខាភិបាលយកសំណាករួច៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖