ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី១៨ខែមេសាឆ្នាំ២០២១រកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន៣០៦នាក់, ស្លាប់ម្នាក់ និងជាសះស្បើយ៧៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឱ្យអ្នកសារព័ត៌មានដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧៤នាក់ ស្លាប់ម្នាក់ និងកំពុងព្យាបាល ២២៨នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន ៦៦ទីតាំង រួមទាំងផ្ទះប្រជាពលរដ្ឋ និងរួមទាំងទីតាំងផ្សេងៗទៀត។

ចំពោះមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មានមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងនៅមន្ទីរពេទ្យកាស៉ីណូម៉ុកបាយ ក្រុងបាវិត»។

លោក តូច ប៉ូលីវ៉ា បានបន្តថា ក្រោមការយកចិត្តទុកដាក់ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធានរដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តនឹងមានភាពធូរស្រាល នៅពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ពីប្រជាពលរដ្ឋ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖