ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកណ្តាលវាលស្រែ និង ម្នាក់ទៀតរងរបួសធ្ងន់ ពេលដែលដឹកជីយកទៅដាក់ស្រែ ហើយត្រូវរន្ទះបាញ់ ក្នុងពេលដែលមេឃកំពុងតែភ្លៀង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលព្រៃត្បែង ក្នុងភូមិសាស្រ្តភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះនៅក្នុងហេតុការណ៍នេះម្នាក់ឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ( ស្លាប់)និងម្នាក់ទៀតឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង២នាក់ជាបងប្អូននិងគ្នា រស់នៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់បងប្អូន បានដឹកជី ដាក់គោយន្ត ដឹកយកមកដាក់នៅស្រែ ប៉ុន្តែនៅពេលមកដល់ស្រែ មានខ្យល់ ភ្លៀង ផ្គររន្ទះយ៉ាងខ្លាំង ពេលដែលកំពុងកាយជីដាក់ស្រែក៏រន្ទះបាញ់ ត្រូវទាំងពីរនាក់បងប្អូនតែម្តង បណ្តាលឲ្យប្អូនប្រុសបានស្លាប់ភ្លាមៗ ចំណែកឯកបង រងរបួសធ្ងន់ហើយត្រូវដឹកយកមកសង្រ្គោះនៅមណ្ឌលសុខភាព ។
ដោយ៖ ចន្ថា