ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ធំបំផុតលើពិភពលោកជិតអស់វ៉ាក់សាំង

ចែករំលែក៖

ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោក ពេលនេះធ្លាក់ក្នុងស្ថានភាពកង្វះវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដោយសារតែរលកកូវីដ-១៩ទីពីរវាយប្រហារប្រទេសនេះ។
តាមសារព័ត៌មាន CNN បានផ្សាយថា ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងដល់ទៅ ៦០%នៃវ៉ាក់សាំងប្រើប្រាស់នៅទូទាំងពិភពលោក។
ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងដ៏សំខាន់ដើម្បីផ្គត់ផ្គង់ឲ្យសម្ព័ន្ធវ៉ាក់សំាងរបស់អង្គការសុខភាពពិភពលោក COVAX ដើម្បីចែកចាយជូនបណ្តាប្រទេសជុំវិញពិភពលោក ភាគច្រើនជាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍។
ប៉ុន្តែនៅក្នុងពេលនេះឥណ្ឌាប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់មិនធ្លាប់មាន ដែលចាប់ផ្តើមឆ្លងខ្លាំងនៅខែមីនារហូតមកទល់ពេលនេះ ។ ការឆ្លងកូវីដ-១៩ លើកទីមួយច្រើនបំផុត ៩៧ពាន់នាក់ក្នុងមួយថ្ងៃ ។ ដោយឡែកនៅថ្ងៃទី១៨ខែមេសា ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅ២៦១ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង។
ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងប្រទេសឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង១លាននាក់ ធ្វើឲ្យអ្នកឆ្លងសរុបក្នុងប្រទេសឥណ្ឌាជាង១៤លាននាក់ហើយ។ រដ្ឋជាច្រើននៅក្នុងប្រទេសឥណ្ឌាបានអនុវត្តការរិឹតត្បិតទប់ស្កាត់កូវីដ-១៩ ក្នុងនោះមានរដ្ឋធានីញូវដេលី ដែលមានពលរដ្ឋ១៩ លាននាក់ ត្រូវដាក់បម្រាមគោចរនៅពេលយប់។
នៅពេលនេះរដ្ឋចំនួន៥ ក្នុងប្រទេសឥណ្ឌាបានប្រកាសកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយអំពាវនាវដល់រដ្ឋាភិបាលផ្តល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា។ ដោយហេតុនោះហើយទើបក្រុមហ៊ុនផលិតវ៉ាក់សាំង ឥណ្ឌា បានសម្រេចផ្អាកការផ្គត់ផ្គង់ដល់ COVAX ដោយផ្តោតការផ្គត់ផ្គង់នៅក្នុងប្រទេសវិញ។
តាមការប្រកាសរបស់ COVAX ឥណ្ឌាបានផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដល់ទៅ២៨លានដូសដល់ COVAX និងមានគម្រោងផ្គត់ផ្គង់៥០លានដូសនៅក្នុងខែមេសា។ប៉ុន្តែគម្រោងត្រូវបានផ្អាកដោយសារតែការឆ្លងនៅឥណ្ឌាកើនឡើងខ្ពស់៕

ដោយ៖ ធីរីណា(រូបភាព៖ Reuters)


ចែករំលែក៖