ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៥ឆាំ្ន និងអាយុ ៤៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយ ការណ៍ដែលទទួលបានពី ៖
១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូល សម្រាកព្យាបាលនៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ។ ដោយស្ថានភាព ជំងឺមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ … និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅ ព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថាអ្នកជំងឺ បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១២:៤៥នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-I9)។
២- មណ្ឌលសុខភាពចាក់អង្រែបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញមានវិជ្ជមានកូវីដ-១៩ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:១៦នាទី ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដោយជំងឺមានការ វិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយ មានការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខ មេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៤៥នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ ស តារា