ព័ត៌មានទាន់ហេតុការណ៍៖

ក្របួច​ជាប់ហេីយ! បុរស២នាក់ ដែលបង្ហោះការផឹកស្រាបង្អួតតាមបណ្តាញសង្គម TikTok ក្នុងការបេីកបររថយន្ត ល្មើសបំរាមពេលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់

ចែករំលែក៖

ភ្នំពេញ​៖ ទីបំផុត​! បុរស២នាក់ ដែលបង្ហោះការបង្អួតផឹកស្រានៅក្នុងរថយន្តតាមបណ្តាញសង្គម TikTok ដែលល្មើសបំរាមខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានបិទខ្ទប់នោះ។ ពេលនេះ​ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ​ ឃាត់ខ្លួនបានហេីយកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅល្ងាចថ្ងៃទី២១​ ខែមេសានេះ​ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយដែលបានធ្វើការបង្ហោះវីដេអូជួបជុំផឹកគ្រឿងស្រវឹងក្នុងរថយន្ត ដោយមិនគោរពវិធានការរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ថែមពីនេះ​ លោកប្រធាននាយកដ្ឋាន​ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ​ បានឲ្យដឹងទៀតថា​ បុគ្គលទាំងពីរនេះរួមមាន៖​ ទី១៖ ឈ្មោះ ពិន នាត អាយុ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង​ ;​ និងទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។

បច្ចុប្បន្ន​បន្ទាប់​ពី​ចាប់ខ្លួន បុគ្គលទាំង២នាក់នេះ កំពុងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​


ចែករំលែក៖