ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន ដើម្បីបន្តយកទៅចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់រាជធានី

ចែករំលែក៖

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ មេសា ឆ្នាំ២០២១ បានទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈពីសប្បុរសជន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តយកទៅចែកជូនដល់កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ក្នុងខណៈ រាជធានីភ្នំពេញត្រូវបានរាជរដ្ឋា ភិបាលបិទខ្ទប់ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

    រដ្ឋបាលរាជធានីភ្នំពេញក្នុងគ្រាលំបាកនេះ តែងតែមានសប្បុរសជនជាច្រើនបាន ផ្ដល់ជាអំណោយមានសម្ភារ គ្រឿង ឧបភោគ បរិភោគជាដើម។ ជាក់ស្ដែងថ្ងៃនេះលោកអភិបាលរាជធានីបានទទួល អំណោយរួមមានទឹកក្រូចចំនួន៥០០កេស ទឹកបរិសុទ្ធចំនួន៥០០កេស និងអាហារសម្រន់ចំនួន១០០០កញ្ចប់ ។

    ក្នុងឱកាសនោះ លោកឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពបានបន្តយកទៅចែកជូនដល់ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

  ក្រោយពីបានទទួលអំណោយខាងលើ នេះហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចាត់តាំងឲ្យលោក ហួត ហៃ និងលោកនួន ផារ័ត្ន  អភិបាលរងរាជធានីភ្នំពេញ ជាតំណាងរូបលោកដោយមានការចូលរួមពីតំណាងសប្បុរសជនផងដែរនោះបានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះទៅចែកជូនដល់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ នៅល្ងាចថ្ងៃដដែលនេះ លោកហួត ហៃ បាននាំយកអំណោយទាំងនេះទៅចែកជូនកងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា ។ 

     លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជន បានដឹកនាំភេសជ្ជៈនេះទៅប្រគល់ជូនដោយផ្ទាល់ដល់ទីតាំងដែលបានបិទខ្ទប់នៅតំបន់ក្រហមក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យព្រមៗ គ្នានោះផងដែរ៕

ដោយ៖ សំរិត


ចែករំលែក៖