ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០យប់ ថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា៖ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅតែអនុវត្តវិធានការបិទខ្ទប់បន្តទៀត មិនឲ្យមានការធ្វេីដំណេីរចេញពីរាជធានីភ្នំពេញ ឬមកពីខេត្តចូលរាជធានីភ្នំពេញឡេីយ រហូតដល់មានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជ្រាបជាព័ត៌មាន សូមអរគុណ !!!
ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។
គួររម្លឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលវិធានការទាំងនេះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩៕
ដោយ៖ស តារា
ប្រភពពី៖ហ្វេសប៊ុកលោកឧត្តមសេនីយ៍ឯក ស ថេត