ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអេស្ប៉ាញ​៖ កាត់​ទោស​បុរសម្នាក់ពីបទ «ចម្លងជំងឺកូវីដ-១៩»ដោយចេតនា ទៅឲ្យមនុស្សចំនួន ២២នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បុរសជនជាតិអេស្ប៉ាញម្នាក់​ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញ​កាត់​ទោស​ចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ២២នាក់។​ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអេស្ប៉ាញ​ ចំពោះ​ការស៊ើបអង្កេតរបស់ពួកគេបានចាប់ផ្តើមធ្វើឡើងបន្ទាប់ពីការផ្ទុះជំងឺ COVID-19 នៅឯក្រុមហ៊ុនដែលបុរសវ័យ ៤០ឆ្នាំខាងលើនេះធ្វើការ។

ចំណែក​នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិស​ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេលដែលមានការផ្ទុះឡើងនៃជំងឺនេះ បុរសរូបនេះបានចេញរោគសញ្ញា នៃជំងឺ Covid-19 ប៉ុន្តែគាត់បានច្រានចោលការផ្តល់យោបល់ពីមិត្តរួមការងាររបស់គាត់ ដែលចង់ឲ្យគាត់ទៅផ្ទះហើយនៅដាច់ដោយឡែកពីគេ។​ ក្រោយមកបុរសរូបនេះបានចេញពីធ្វើការ ហេីយ​សុខភាពរបស់គាត់នៅតែមិនមានភាពប្រសើរឡើង គាត់បានទៅធ្វើតេស្ត PCR មុនពេលទៅកន្លែងហាត់ប្រាណ ហើយត្រឡប់មកធ្វើការវិញនៅថ្ងៃបន្ទាប់។

ខណៈដែល​ ថ្នាក់លើបានប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រដាប់វាស់កម្តៅបានរកឃើញថា គាត់មានសីតុណ្ហភាព ៤០អង្សាសេក៏ដោយ ក៏បុរសនោះបានបដិសេធ។

លេីសពីនេះ​ បុរសនោះបានដើរជុំវិញកន្លែងធ្វើការរបស់គាត់ ដោយទាញម៉ាសរបស់គាត់ចុះក្រោម ហើយក្អកដាក់លើមនុស្សម្នាដោយនិយាយថា៖ «ខ្ញុំនឹងចម្លងរោគនេះដល់អ្នកគ្រប់គ្នា»។​

បន្ទាប់​មកនៅថ្ងៃបន្ទាប់លទ្ធផលតេសត្ត PCR របស់គាត់បានបង្ហាញថា «វិជ្ជមាន»។

ក្រោយ​មកមិត្តរួមការងាររបស់គាត់ក៏បានទៅតេស្តផងដែរ ដោយប្រាំនាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផល «វិជ្ជមាន»។នៅកន្លែងហាត់ប្រាណដែលបុរសបានទៅ មានមនុស្ស ០៣នាក់បានធ្វើតេស្ត «វិជ្ជមាន» ហើយសមាជិកគ្រួសារពួកគេក៏ឆ្លងជំងឺនេះដែរ។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Europa Press បានរាយការណ៍ថា ចៅក្រមបានចោទប្រកាន់បុរសម្នាក់នោះ ដែលប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណ ហើយបានដោះលែងគាត់នៅល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីរង់ចាំការជំនុំជម្រះក្តី៕ដោយ៖ស​ តារា

រូបភាព​៖ឯកសារ​ ពលរដ្ឋ​អេស្ប៉ាញ​​ អំឡុង​​វិបត្តិ​ជំងឺ​កូវីដ-១៩


ចែករំលែក៖