ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិពិតជាគ្មានមេត្តាមែន! ស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតដោយសារត្រូវរន្ទះបាញ់ក្រោមផ្ទៃមេឃដ៏អួអាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្តីនិងកូនគួរឱ្យអាសូរ ដោយសារត្រូវរន្ទះបាញ់ពេលកំពុងជិះម៉ូតូក្រោមមេឃខ្មៅដ៏អួអាប់រកកលចង់ភ្លៀង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្បាលវាលវង់ខាងកើត ស្ថិតនៅភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈួន រ៉ាវី ភេទស្រី អាយុ៣៦ឆ្នាំមានទីលំនៅភូមិត្រពាំងស្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មុនកើតហេតុស្រ្តីរងគ្រោះបានបើកម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះវិញក្រោយពីបញ្ចប់ការងារជាកម្មករសំណង់នៅឃុំរមូល ពេលដែលមេឃកំពុងងងឹតអួអាប់ និងខ្យល់បោកបក់រកកលចង់ភ្លៀង លុះស្ត្រីរងគ្រោះបើកម៉ូតូមកដល់កន្លែងកើតហេតុ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។

ករណីនេះក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលបានចុះទៅដល់ដើម្បីកោសល្យវិច័យសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះធម្មជាតិប្រាកដមែន រួចសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖