ខេត្តត្បូងឃ្មុំ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សាខា ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចុះអង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចំនួន ១១គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។
ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ៦៣០ លីត្រ មករក្សាទុកដេីម្បីអនុវត្តនីតិវិធីបន្ត។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែមេសានេះដែរ មន្ត្រីសាខាក.ប.ប. ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគុណភាពទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ នៅទីតាំងឃ្លាំងស្តុកស្បៀងរបស់សាលាខេត្តព្រះសីហនុ។ គ្រឿងឧបភោគ បរិភោគ ដែលរួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធទាំងនោះ គឺជាអំណោយសង្គ្រោះរបស់រាជរដ្ឋាភិបាល ដែលផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្មសម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងកំឡុងពេលដែលរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តនូវវិធានការបិទខ្ទប់។
ការត្រួតពិនិត្យនេះ សំដៅធានាថាគ្រឿងឧបភោគ បរិភោគទាំងនោះមានគុណភាព និងសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕ដោយ៖សហការី