ភ្នំពេញ៖ ថ្ងៃនេះជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ដោយសារជំងឺកូវីដ-១៩។
កូវីដ-១៩បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។
ការចូលរួមរបស់បងប្អូនកូនក្មួយ ជាកត្តាសំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបានក្នុងរយៈពេលឆាប់ៗនេះ។ សូមការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរពឱ្យបានរាល់វិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះជាចៃដន្យទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕
ដោយ៖ សូរិយា