ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃនេះកងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត៥០ម៉ឺននាក់ហើយ។

ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះមានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និងលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  ។យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នោះ ជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ  ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយ ប្រហារដោយមេរោគ។តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣ សង្កាត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣ នាក់។ តែមានប្រជាពលរដ្ឋប្រហែល ២៩ ភាគរយដែលបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាកបានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។  ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដូសចំនួន ៩៤៣,១៤៦ ដូស។ វ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ ដូស ក្នុងនោះស៊ីណាវ៉ាក់ (SINOVAC)ចំនួន ៥០០,០០ ដូស និងស៊ីណូហ្វាម  (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិរួចហើយ។

បើតាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ។ 

ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួនប្រមាណ ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ចំនួន ៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០ នាក់។សម្រាប់កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ទីតាំងក្នុងសង្កាត់ទាំង៣៣ នៃខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

សូមបញ្ជាក់ថា កម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពសាំទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩។ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការចាក់ជូនប្រជាពលរដ្ឋទូទៅឱ្យបានគ្រប់គ្នា។កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិលនានានៅកម្ពុជា សរុបជាង ១.៣លាននាក់ហើយ បានចាក់វ៉ាក់សាំង។ 

មកដល់ ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង៤លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ក្នុងនោះវ៉ាក់សាំង ស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា  ដែលជាជំនួយតាមយន្តការខូវ៉ាក់ចំនួន ៣២៤,០០០ដូស។

តាមរយៈការពន្លឿនដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន៕

ដោយ៖ សូរិយា


ចែករំលែក៖