ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញកម្មកររោងចក្រ” ជាំងសាង ស្ព័ត ស្ដេសិនណឺរី” នៅស្រុកព្រៃនប់ កើតជំងឺកូវីដ-១៩ បានសម្រេចផ្អាកអាជីវកម្មរោងចក្រមួយនេះ បណ្ដោះអាសន្ន។
នៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីកម្មករ នៅផ្នែកបាញ់ស៊ុមរូបគំនូរ ក្នុងរោងចក្រ ហើយលទ្ធផលបញ្ជាក់ថា វិជ្ជមានជំងឺកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀតដល់កម្មកររោងចក្រ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មរោងចក្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។
សូមជម្រាបថា ក្នុងអំឡុងពេល២ថ្ងៃនេះ តម្រូវឲ្យនាយករោងចក្រ សហការជាមួយក្រុមការងារ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរកមេរោគកូវីដ-១៩ តាមការកំណត់។
បន្ថែមពីនេះ រដ្ឋបាលខេត្ត ហាមមិនឲ្យបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញចូលរោងចក្រ ហើយនៅក្រោយពេលផ្ដល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅផ្ទះរង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាករបស់កម្មករនៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្ដការងារជារថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ៖សហការី