អន្តរជាតិ៖ បើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះថា៖ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ នោះនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា (ដើមសប្តាហ៍ក្រោយ)។ អ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងឈានដល់ជាប់ពន្ធនាគារផងដែរ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយបន្ថែមថា ចំពោះការដាក់ចេញបម្រាមបន្ទាន់ខាងលើនេះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងកាលពីយប់ថ្ងៃសុក្រទី៣០ ខែមេសាម្សិលមិញនេះ គឺជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះ អ្នកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដោយសារតែនៅទីនោះ ការឆ្លងរាតត្បាត COVID-19 បាននិងកំពុងវិវឌ្ឍកាន់តែអាក្រក់ និងមានអ្នកឆ្លងជិតដល់ខ្ទង់ ៤០០,០០០នាក់ ក្នុងមួយថ្ងៃទៅហើយ។
គួរបញ្ជាក់ថា ជាថ្មីម្តងទៀតបម្រាមខាងលើនេះ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt) បានបញ្ជាក់ថា នឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់ ០៥ឆ្នាំ។ លោករដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី ក៏បានបញ្ជាក់បន្ថែមផងដែរថា ខ្លួននឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ៕ដោយ៖ស តារា
រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt)
រូបភាព៖Nine