ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យទីតាំងស្ដុកស្បៀង ដើម្បីផ្ដល់ទៅ អាជ្ញាធរខណ្ឌ បន្ដផ្តល់ស្បៀង អាហារ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់បន្ដទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់  នៅរសៀលថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ២០២១នេះ  បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។

       មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនជិត១៥ម៉ឺនគ្រួសាររួចហើយ ។ ដើម្បីបន្តនិរន្ធភាពនៃផ្តល់អំណោយនេះ ជូនប្រជាពលរដ្ឋបន្តទៀត ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ឧសភានេះថា ៖គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀង អាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន ១៤១.៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជា ស្បៀងអាហារ ដែលមានគុណភាពល្អ ក្នុងនោះបើនិយាយពីអង្ករវិញ ល្អជាងអង្ករ ដែលលោកហូបរាល់ថ្ងៃផង។

   លោកឃួង ស្រេង ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយ លោកបានបន្តជិះល្បាត ពិនិត្យមើលគោលដៅសំខាន់ក្នុងតំបន់ក្រហមផងដែរ។

   ការចុះល្បាតនេះ ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំ របស់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំអោយធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕

ដោយ៖ សំរិត


ចែករំលែក៖