ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានយកអំណោយគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់៤ភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន ១៤០គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងវត្តឧត្តរាវតី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសនោះលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានថ្លែងអំណរគុណដល់លោកហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅតំបន់បិទខ្ទប់នេះ ក្នុងដំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។

លោកអធិការខណ្ឌក៏បានលើកឡើងទាក់ទងនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។ 

ដូច្នេះក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាលនេះ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

បើតាមលោកតូច គឹមសុង នាយនគរបាលប៉ុស្តិ៍ឫស្សីកែវ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនោះមាន១៤០គ្រួសារមកពី៤ភូមិ គឺភូមិមិត្តភាព ភូមិបឹងសាឡាង ភូមិសាមគ្គី និងភូមិឃ្លាំងសាំង នៅក្នុងសង្កាត់ឫស្សីកែវ ដោយក្នុង០១គ្រួសារទទួលបានអង្គរ១០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ សាច់ក្រកមួយគីឡូក្រាម៕

ដោយ៖ ជីណា


ចែករំលែក៖