ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ។
របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលជនសង្ស័យចំនួន០២នាក់(ជនជាតិចិន០១នាក់ ជនជាតិខ្មែរ០១នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខភ្នំពេញ2AH-2263 ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩៦ឃាត់ខ្លួន ។
ករណីនេះឈ្មោះ លូ គឹមហ្វាត ប្រាប់សមត្ថកិច្ចថា៖ ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្ដិខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់ ។
សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភក្ដិខ្លួនបានភ្លេច ក្នុងរថយន្ដរបស់ខ្លួន ។
សម្ភារៈវត្ថុតាងដែលចាប់ដកហូតបានរួមមាន៖
-អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១ ។
-មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១ ។
-រថយន្ដ០១គ្រឿងម៉ាកCamry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ2AH-2263 ។
ករណីនេះកំពុងដំណើរនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ៕
ដោយ៖ សូរិយា