ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងវ៉ូហាន៖​ ធ្លាប់តែជាកន្លែងស្ងាត់ជ្រងំ​ ខណៈផ្ទុះករណីកូវីដ-១៩​ ជាលើកដំបូង​បំផុត ពេល​នេះ​រៀបចំការប្រគុំតន្ត្រីមានមនុស្សរាប់ម៉ឺននាក់ចូលរួម មិនរក្សាគម្លាត មិនពាក់ម៉ាស់ លែងខ្វល់រឿងកូវីដ (មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ៖ ទីក្រុងវ៉ូហាន ប្រទេសចិន​ ដែលជាកន្លែងកំណើតដំបូងគេបំផុត​ នៃមេរោគកូវីដ-១៩ នោះ​ ពេល​នេះ​បានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃជាប់គ្នា​ ដោយ​មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់​ ខណៈដែល​ក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ-១៩ ទៀតហើយ។ នេះបើ​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។

សារព័ត៌មាន The Thaiger បានបញ្ជាក់បន្ថែមថា ការប្រគុំតន្រ្តីនេះមានឈ្មោះថា ​The Wuhan Strawberry Music Festival បានរៀបចំឡើងកាលពីថ្ងៃសោរ៍និងអាទិត្យចុងសប្តាហ៍កន្លងទៅនេះនៅឯឧទ្យាន Garden Expo ហើយតាមអ្នករៀបចំកម្មពិធីបានបញ្ជាក់ថា ចំនួនចូលរួមទស្សនាអាចមានដល់ខ្ទង់ ១១ ០០០ នាក់ក្នុងមួយថ្ងៃ។

គួររម្លឹកថា ការប្រគុំតន្ត្រីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនិងទើបតែខកខានមិនបានរៀបចំជាសាធារណៈកាលពីឆ្នាំកន្លងទៅនេះ ព្រោះពេលនោះទីក្រុងវ៉ូហានត្រូវបិទខ្ទប់ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។​ មិនតែប៉ុណ្ណោះ​ អ្វីដែល​គួរចាប់អារម្មណ៍នេះ​ គឺត្រង់ថា​ ទីក្រុង​មួយ​នេះ​ ហាក់លែងបារម្ភនឹងការចម្លងមេរោគកូវីដ-១៩ ទៀតហើយ។ ជាក់ស្តែងប្រជាពលរដ្ឋចិន​ ដែលបានទៅចូលរួមទស្សនាការប្រគុំតន្ត្រីខាងលើ​ មានសភាពយ៉ាងច្រេីនកកកុញនោះ​ ត្រូវបានគេមើលឃើញថា ភាគច្រើនមិនបានពាក់ម៉ាស់នោះទេ។

លេីសពីនេះ​ទៅទៀត​ នៅក្នុងខែឧសភានេះ​ ប្រទេសចិន​ ក៏គ្រោងនឹងរៀបចំពិធីប្រគុំតន្ត្រីខ្នាតធំប្រចាំឆ្នាំរយៈពេល ៥ ថ្ងៃនៅទីក្រុងប៉េកាំង និងនៅតាមបណ្តាក្រុងសំខាន់ៗជាច្រើនផ្សេងទៀតជាបន្តបន្ទាប់គ្នាផងដែរ។ ដោយ​ឡែក​ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ គិតមកទល់នឹងពេលនេះចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានប្រមាណជា ១១,៦ លាននាក់ ហើយចិនមានចំនួនអ្នកឆ្លងថ្មីតិចតួចបំផុត ដោយកាលពីថ្ងៃម្សិលមិញនេះចិនបានរកអ្នកជំងឺកូវីដ-១៩ ដែលជាករណីនាំចូលពីក្រៅប្រទេសត្រឹមតែ ១១ ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ ស្របពេលដែលចិនកំពុងរៀបចំពិធីប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយនោះ គឺមានប្រទេសជាច្រើនកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងដូចជានៅប្រទេសឥណ្ឌាជាដើម៕

ដោយ​៖សហការី


ចែករំលែក៖